Thu, 20 August 2015
![]() |
ទិដ្ឋភាពនៅតាមឆ្នេរក្បែតំបន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ |
ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគដើម្បីបង្កើតឧស្សាហកម្មធុនស្រាល និងឧស្សាហកម្មធុនធ្ងន់រដ្ឋាភិបាលកម្ពុជាគ្រោងរៀបចំខេត្តព្រះសីហនុជាគោលដៅពិសេសថ្មីមួយសម្រាប់រៀបចំជាតំបន់ឧស្សាហកម្មនាពេលខាងមុខ។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថារដ្ឋាភិបាលនឹងរៀបចំក្រុងព្រះសីហនុជាខេត្តពិសេសមួយសម្រាប់ជាតំបន់ឧស្សាហកម្មហើយរដ្ឋាភិបាលនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ឋសមស្របដើម្បីផ្តល់កាលានុវត្តភាពឲ្យអ្នកវិនិយោគទុនបណ្តាក់ទុនវិនិយោគនៅទីនោះ។
លោកបន្តថា រដ្ឋាភិបាលបាននិងកំពុងគិតគូរ និងរៀបចំជាប្លង់មេដែលនឹងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខ។ យើងមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀតហើយក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាដើរតួនាទីជាអ្នកសម្របសម្រួលការងារនេះ។
លោកបណ្ឌិត ស៊ីផាន់ណា បន្តថា «តាមធម្មតាពេលនិយាយពីឧស្សាហកម្មគឺនិយាយពីការនាំចេញដូច្នេះការរៀបចំឧស្សាហកម្មនៅជាប់មាត់សមុទ្រជារឿងល្អ និងជាការរៀបចំធ្វើយ៉ាងណាដើម្បីកុំឲ្យឧស្សាហកម្មសម្រុកមកកាន់រាជធានីភ្នំពេញ។ រដ្ឋាភិបាលចង់បំបែកតំបន់ឧស្សាហកម្មទៅកាន់ទីតាំងថ្មី»។
លោកបន្តថា «ជាមួយនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឈន៍ឧស្សាហកម្មថ្មីនេះរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាអគ្គិសនីព្រោះតម្លៃអគ្គិសនីយើងនៅខ្ពស់ជាងគេដូច្នេះយ៉ាងយូរនៅឆ្នាំ ២០១៨ រដ្ឋាភិបាលនឹងបញ្ចុះតម្លៃអគ្គិសនីហើយ»។
លោកពន្យល់ថាកម្ពុជាក៏ត្រូវពង្រឹងសមត្ថភាពកម្មកររបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មព្រោះឥទ្បូវកម្លាំងពលកម្មរបស់យើងនៅមានភាពខុសគ្នាមួយទៅឆ្វេងមួយទៅស្តាំ។ និស្សិតរបស់យើងទៅរៀននៅសាកលវិទ្យាល័យចង់បានសញ្ញាបត្រអនុបណ្ឌិត បណ្ឌិត តែពេលបញ្ចប់ការសិក្សាចេញមករោងចក្រមិនត្រូវការ។ រោងចក្រត្រូវការជំនាញតែសាលារបស់យើងបង្រៀនជំនាញដែលគ្មានការងារធ្វើដូច្នេះរដ្ឋាភិបាលនឹងធ្វើការតម្រង់ទិស និងកៀងគរវិនិយោគទុនធ្វើយ៉ាងណាបណ្តុះបណ្តាលជំនាញឲ្យបានច្រើនដើម្បីឆ្លើយតបតម្រូវការការងារ។
លោកបន្ថែមថា រដ្ឋាភិបាលនឹងជំរុញប្រព័ន្ឋដឹកជញ្ជូនឲ្យស៊ីចង្វាក់គ្នាផងដែរព្រោះសព្វថ្ងៃកង្វះខាតការប្រកួតប្រជែងរបស់យើងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង «ជាឧទាហរណ៍ការនាំចេញអង្ករទៅទីផ្សារបរទេសគឺមិនមែនមកពីអង្ករយើងមិនល្អនោះទេគឺដោយសារតម្លៃដឹកជញ្ជូនខ្ពស់ដូច្នេះរដ្ឋាភិបាលនឹងធ្វើយ៉ាងណាកាត់បន្ថយតម្លៃដឹកជញ្ជូនឲ្យបាន»។
កាលពីសប្តាហ៍មុនមានការប្រកាសព័ត៌មានអំពីគម្រោងការអភិវឌ្ឍអ៊ិចប្រេសវ៉េ (ផ្លូវលឿនរហ័ស) រវាងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុដែលវានឹងផ្តល់ភាពងាយស្រួលសម្រាប់ចរាចរនៅតាមដងផ្លូវជាតិលេខ ៤ ។ គម្រោងផ្លូវលឿនរហ័សនឹងអនុវត្តដោយក្រុមហ៊ុនរដ្ឋមកពីខេត្តហេណាន Henan Provincial Communications Planning, Survey and Design Institute (HPCPSDI) នៃប្រទេសចិនហើយដែលគម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ និងបញ្ចប់នៅឆ្នាំ ២០២០ ខាងមុខ។
ជាមួយនឹងសក្តានុពលដែលមានស្រាប់ដូចជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានកំពង់ផែអន្តរជាតិ និងមានអាកាសធាតុអំណោយផលខេត្តជាប់មាត់សមុទ្រនេះក៏បាននិងកំពុងទទួលបានការចុះចតពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផងដែរនាពេលនេះ។
លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍ World Express & Travel បានថ្លែងថាព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុបានទទួលជើងយន្តហោះកាន់តែច្រើនជាងមុនជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្នុងក្នុងមួយសប្តាហ៍ៗក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរបានចុះចត ៣ លើកក្រុមហ៊ុនបាយ័នអ៊ែរចុះចតបីលើកក្រុមហ៊ុន Sky Angkor Air ចុះចតបីលើក និងក្រុមហ៊ុន SILK AIR ចុះចតម្តងម្កាលជាលក្ខណៈជួលនៅទ្បើយ។
លោកបន្តថា «ប្រសិនជារដ្ឋាភិបាលរៀបចំតំបន់នេះជាតំបន់ឧស្សាហកម្មបានវានឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានសក្តានុពលថែមទៀតព្រោះខេត្តនេះមានសក្តានុពលជាច្រើនដោយយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានការដឹកជញ្ជូនផ្លូវគោក (និងផ្លូវដែក) ផ្លូវទឹក និងផ្លូវអាកាស»។
ទន្ទឹមនេះគម្រោងការអភិវឌ្ឍពង្រីកកំពង់ផែស្វយ័ត (Sihnoukville Autonomous Port – SAP) ដែលមានទំហំទឹកប្រាក់ប្រមាណ ៨០ លានដុល្លារបានមកពីការផ្តល់កម្ចីរបស់រដ្ឋាភិបាលជប៉ុនអាចនឹងស្ថាបនារួចរាល់នៅក្នុងឆ្នាំ ២០១៧ ពេលនោះវានឹងផ្តល់ជាពហុប្រយោជន៍ច្រើនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការ។
យោងតាមសេចក្តីប្រកាលព័ត៌មានកាលពីឆ្នាំកន្លងទៅ SAP បានដំណើរការផ្តល់លទ្ធភាពក្នុងការចរាចរណ៍ទំនិញនាំចេញ និងនាំចូលស្មើនឹង ៦០ ភាគរយនៃមុខទំនិញនីហរ័ណ និងអាហរ័ណទាំងអស់ដោយគិតជាចំនួនស្មើនឹង ៣៣០០០០ កុងតឺន័រដែលត្រូវតាមខ្នាតស្តង់ដារកុងតឺន័រអន្តរជាតិ TEU មានប្រវែងរហូតដល់ ២០ ហ្វីត (ជាង ៦ ម៉ែត្រ)។ តាមគម្រោងអភិវឌ្ឍន៍ពង្រីកកំពង់ផែស្វយ័តនេះវាអាចនឹងមានលទ្ធភាពចរាចរណ៍ទំនិញបានចំនួន ៥០០០០០ កុងតឺន័រ TEU ។
ជាមួយនឹងសក្តានុពលផ្លូវអាកាសខេត្តព្រះសីហនុក៏មានសក្តានុពលលើការដឹកជញ្ជូនផ្លូវគោកផងដែរជាក់ស្តែងកាលពីពេលថ្មីៗនេះកំពង់ផែខេត្តព្រះសីហនុបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CHINA SHIPPING ដើម្បីអនុញ្ញាតឲ្យកប៉ាល់មកពីប្រទេសចិនចូលដឹកទំនិញ និងនាំចូលទំនិញតាមរយៈកំពង់ផែនេះទៅកាន់ប្រទេសចិន និងកំពង់ផែក្នុងតំបន់ដោយផ្ទាល់។ កប៉ាល់របស់ក្រុមហ៊ុននេះនឹងចូលចតរៀងរាល់មួយសប្តាហ៍ម្តង និងជាកប៉ាល់ខ្នាតធំដែលអាចផ្ទុកកុងតឺន័របានជាង ១០០០ ។ នេះបើតាមការឲ្យដឹងពីលោក លូ គីមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
លោកបន្តថា «កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ព្រោះវាជួយកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញចូលកំពង់ផែនេះដោយទំនិញនាំចេញនាំចូលមកកម្ពុជាមិនចាំបាច់មានការផ្ទេរនៅកំពង់ផែក្នុងតំបន់តទៅទៀត»។
អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា បានថ្លែងថាខេត្តព្រះសីហនុមានសក្តានុពលស្រាប់ទៅហើយ និងមានតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោករួចជាស្រេច។ អ្វីនៅសល់តើយើងបំពេញចំណុចខ្វះខាតយ៉ាងដូចម្តេចដើម្បីឲ្យទាក់ទាញអ្នកវិនិយោគចូលមកគឺយើងមិនទាន់បានរៀបចំបានរួចរាល់នៅទ្បើយទេ។ ដូច្នេះយើងអាចលើកជាសំណួរថាបើយើងប្រែក្លាយខេត្តនេះជាតំបន់ឧស្សាហកម្មតើយើងធ្វើជាមួយអ្នកណាហើយយើងនឹងផ្តល់អ្វីសម្រាប់គេ (អ្នកវិនិយោគ) និងផ្តល់ភាពងាយស្រួលឲ្យពួកគេយ៉ាងដូចម្តេចហើយការដឹកជញ្ជូនរបស់យើង និងតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មានភាពទូលំទូលាយដល់កម្រិតណាទាល់តែមានការប្រៀបធៀបជាមួយតំបន់ និងរកឃើញថាយើងមានភាពប្រសើរជាងគេទើបអាចទាក់ទាញអ្នកវិនិយោគចូលមកបាន។
លោកបន្តដោយធ្វើការប្រៀបប្រទេសនេះដូចនឹងម្ហូបអាហារបើសិនជាម្ហូបអាហារយើងឆ្ងាញ់ធៀបជាមួយគេ និងមានតម្លៃថោកជាងគេទើបយើងអាចប្រកួតប្រជែងជាមួយគេបានប៉ុន្តែបើយើងគិតថាម្ហូបយើងឆ្ងាញ់តែម្នាក់ឯងយើងមិនអាចប្រកួតជាមួយគេបាននោះទេ។
លោក ប៊ុណ្ណា បានបន្តថា «សម្រាប់ក្នុងស្រុកគឺយើងទទួលបានជោគជ័យប៉ុន្តែបើធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់យើងស្ថិតនៅមានកម្រិតនៅទ្បើយដូច្នេះការរៀបចំខេត្តនេះជាតំបន់ឧស្សាហកម្មគឺទាមទារឲ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានសមស្របមានធនធានមនុស្សគ្រប់គ្រាន់ទើបយើងអាចទាក់ទាញអ្នកវិនិយោគក្នុងតំបន់បាន»៕
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍