Thu, 30 July 2015
ស៊ីវ ម៉េង
គិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំនេះមានគម្រោងសាងសង់ចំនួន ៩១៥ គម្រោងដែលមានទុនវិនិយោគស្មើនឹង ៨០៨ លានដុល្លារអាមេរិកខណៈក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំសាងសង់មានចំនួន ៦៤៦ ក្រុមហ៊ុនដែលបានទទួលសុពលភាពសាងសង់។
លោក ហ៊ុយ ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ នេះមានគម្រោងធំៗដែលត្រូវបានអនុញ្ញាតសាងសង់ ៩១៥ គម្រោងដែលមានទឹកប្រាក់ ៨០៨ ដុល្លារអាមេរិក។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន ១៥៨១ ក្រុមហ៊ុនដែលបានស្នើសុំចុះបញ្ជីធ្វើអាជីវកម្ម ប៉ុន្តែក្រុមហ៊ុនចំនួន ៦៤៦ ក្រុមហ៊ុនប៉ុណ្ណោះដែលមានសុពលភាពក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន ២០២ ក្រុមហ៊ុន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាក្នុងឆ្នាំ ២០១១ ក្រសួងបានទទួលគម្រោងស្នើសុំសាងសង់ចំនួន ២១២៥ គម្រោងមានតម្លៃប៉ាន់ស្មាន ១២២៦ លានដុល្លារកើនឡើង ៤៥,៩៤ ភាគរយធៀបនឹងឆ្នាំ ២០១០ ។
នៅឆ្នាំ ២០១២ មាន ១៦៩៥ គម្រោងបានស្នើសុំសាងសង់ស្មើនឹងតម្លៃទឹកប្រាក់ប្រមាណ ២១០៩ លានដុល្លារកើនឡើង ៧១,៩៧ ភាគរយធៀបនឹងឆ្នាំ ២០១១ ។ ឆ្នាំ ២០១៣ មានគម្រោងស្នើសុំសាងសង់ចំនួន ១៦៤១ និងទឹកប្រាក់ប្រមាណ ២៧៧៣ លានដុល្លារកើនឡើង ៣១,៤៥ ភាគរយធៀបនឹងឆ្នាំ ២០១២ និងឆ្នាំ ២០១៤ មានគម្រោងស្នើសុំចំនួន ១៩៦០ គម្រោងមានតម្លៃទឹកប្រាក់ប្រមាណ ២៥០៧ លានដុល្លារ។
លោក ហ៊ុយ ណារ៉ា បានបន្តទៀតថាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កំពុងមមាញឹកក្នុងការរៀបចំកែសម្រួលច្បាប់លិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ឲ្យឆ្លើយតបនឹងសភាពការណ៍នៃការវិវត្តវិស័យសំណង់នាពេលបច្ចុប្បន្ន។ ដោយវិស័យឯកជនជាដៃគូដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ។
លោកបន្តថា កន្លងមកក្រសួងបានចុះអនុស្សរណៈយោគយល់ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរយោបល់ចែករំលែកបទពិសោធបច្ចេកវិទ្យា និងបច្ចេកទេសសំណង់ដើម្បីអភិវឌ្ឍវិស័យសំណង់តាមសម័យកាល។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងថាវិស័យឧស្សាហកម្មសំណង់នៅកម្ពុជាមានការរីកចម្រើនខ្លាំងដោយសារមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការរៀបចំសេចក្តីព្រាងប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងគម្រោងសាងសង់កម្ពុជា។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថាតាមការសន្និដ្ឋានរបស់លោកគឺគិតថាគម្រោងសាងសង់ថ្មីៗឆ្នាំអាចទាបជាងឆ្នាំមុន ឬស្មើនឹងឆ្នាំមុនដោយសារទី ១ មានការសម្រុកវិនិយោគខ្លាំងកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ទាំងអ្នកវិនិយោគមកពីក្រៅប្រទេសគឺដូចជាប្រទេសសិង្ហបុរីគឺជាពេលដែលពួកគេត្រូវបង្ហៀរទុនមកខាងក្រៅហើយ។ ចំណែកអ្នកវិនិយោគនៅខាងក្នុងប្រទេសលោកបានប្រដូចប្រទេសកម្ពុជាជាបឹងតូចមួយដែលមានអ្នកបង់សំណាញ់ច្រើនគឺពេលនេះដល់ដំណាក់កាលមានអ្នកអង្គុយមើល និងមានអ្នករត់រកបឹងថ្មី។
លោកបន្តថា៖ «ការវិនិយោគក្នុងវិស័យនេះថ្មីៗហាក់បីដូចជាស្ងប់ស្ងាត់បន្តិចតែអ្វីដែលយើងឃើញមានសកម្មភាពនាពេលនេះគឺពួកគេបន្តសកម្មភាពអនុវត្តន៍គម្រោងចាស់ប៉ុណ្ណោះ»។
លោកបានដឹងទៀតថា៖ «យើងមិនទាន់អាចសន្និដ្ឋានថារហូតដល់ចុងឆ្នាំនេះ និងឆ្នាំខាងមុខនឹងមានសកម្មភាពវិនិយោគបែបណានោះទេព្រោះយើងមិនទាន់អាចសន្និដ្ឋានថាក្រោយសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងមានលទ្ធផលបែបណានៅទ្បើយទេ»៕
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍